បទចម្រៀង កេរ្តិ៍ដំណែល មិត្តភក្តិ ជីវិតផ្ទាល់ខ្លួន ទសវត្សរ៍៧០ ទសវត្សរ៍៦០ អាជីពជាសិល្បៈករ កុមារភាព ជីវប្រវត្តិ ប្រវត្តិស្នាដៃ

អាជីពជាសិល្បៈករ

ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​សិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សា​វេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យ​មួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី
ចំរៀងភាគច្រើនរបស់លោក ​ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មាន​ទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់អោយលោកស៊ីន ស៊ីសាមុតនិពន្ធចំរៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចំរៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវ​តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី
កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត​អោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចំរៀងសម័យ លោកក៏ច្រៀងចំរៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។